English, 1 kB French, 0 kB Khmer, 0 kB
  Tlai Tno Association


ក្នុងជីវិតប្រជាជ​​នខ្មែរ គឺត្រូវការសិល្បៈតាំងពីថ្ងៃកើតរហូតដល់ថ្ងៃស្លាប់ ។ ​ដូច្នេះហើយទើបខ្មែរប្រើពាក្យថា  “ជីវិតគឺសិល្បៈ  សិល្បៈគឺជីវិត” ។​ តាំងពីថ្ងៃកើតដល់ថ្ងៃស្លាប់ ជីវិតខ្មែរត្រូវការសិល្បៈជាចាំបាច់ ។   ម្តាយបំពេរកូនតាំងពីនៅជាទារក…… រហូតដល់ពេលស្លាប់សម្លេង ស្មូត្រព្រះធម៌ជំនួសវិញ ។

របាំគឺពឹងផ្អែកលើដងខ្លួន រួមផ្សំជាមួយអវយវៈ ដែលជាឧបករណ៍ ហើយចលនាជាមធ្យោបាយដ៏សំខាន់មិនអាចខ្វះបាន ដែលត្រូវបំពេញដោយមនោសញ្ចេតនា ។

របាំខ្មែរមានបី ៖

1-    របាំក្បាច់បុរាណខ្មែរ

2-    របាំប្រពៃណី

3-    របាំប្រជាប្រិយ


របាំក្បាច់បុរាណខ្មែរ 

រឿងរាមកេរ្តិ៍ គឺជាមូលដ្ឋានក្បាច់ នៃរបាំព្រះរាជទ្រព្យ ឬរបាំក្បាច់បុរាណខ្មែរតែម្តង។

ក្បាច់របាំបុរាណខ្មែរ ជាទម្រង់សិល្បៈដែលសិល្បករសិល្បការិនីប្រើក្បាច់ និងការបង្ហាញពីអារម្មណ៍ដើម្បីប្រាប់នូវរឿងរ៉ាវផ្សេងៗ។

ក្នុងក្បាច់របាំបុរាណខ្មែរ ក្បាច់ដែលជាចលនាចេញពីខ្លួនប្រាណ ជាភាសាមួយពិតៗ ដែលមានវាក្យសព្ទ វេយ្យាករណ៍ និងសញ្ញាឱ្យលើកដាក់សម្លេងផង។ ដូចគ្នាទៅនឹងពាក្យដែរ កាយវិការ និង ឥរិយាបថមានន័យច្បាស់លាស់ ហើយការផ្សំផ្គុំគ្នាក្នុងលំដាប់នេះឬក្នុងលំដាប់នោះតែងមានន័យដូចជាឃ្លាល្បះអីចឹងដែរ ។  

គ្រប់មនោសញ្ចេតនា នៃ ក្បាច់របាំបុរាណខ្មែរទាំងអស់សុទ្ធតែប្រមូលផ្តុំទៅលើ អត្ថន័យ៤យ៉ាងគឺ ៖

  • ក្បាច់ចង្អុល សំដៅបង្ហាញថា "ត្រួយ​" គឺជាការកើត "ក្តីសង្ឃឹម​“
  • ក្បាច់បាតដៃ ជានិមិត្តរូបនៃ "ស្លឹក​" (ការវិវត្ត)
  • ​ក្បាច់ជីប មានន័យថា "ផ្លែ" (ការរីកធំធាត់)
  • ក្បាច់ផ្ទាត់ ជានិមិត្តនៃការ "ទុំ ជ្រុះ" (វិនាសសាបសូន្យ) តែបន្ទាប់មកគ្រាប់ដែលទុំជ្រុះនោះនឹងចាប់ពន្លកដុះសាជាថ្មីឡើងវិញតាមក្រឹតក្រមធម្មជាតិកើតស្លាប់ៗ កើតជាបន្តបន្ទាប់ ។ នេះគឺជាអត្ថន័យនៃភាសា របាំក្បាច់បុរាណខ្មែរ តាមបែបទស្សនវិជ្ជា ដែលគេកម្រនឹងយល់បាន ។

របាំប្រពៃណី

ពាក្យប្រពៃណីមានន័យថា ទំនៀម ពូជពង្ស ដំណ វង្សត្រកូល ដូចជាការខិតខំថែរក្សានៃត្រកូលរបស់ខ្លួន ឬការនិយមធ្វើបុណ្យទានតាមប្រពៃណីជាដើម ឯពាក្យប្រពៃណីវិញ គឺសម្គាល់របាំទាំងឡាយណាដែលស្ថិត ជាប់នឹងពិធីប្រពៃណី ឬពិធីដំណត្រកូលដ៏យូរលង់មកហើយរបស់ជនជាតិខ្មែរ ឬ ក៏ជនជាតិដ៏ទៃទៀតទាំងអស់ ដែលកំពុងរស់នៅលើទឹកដី នៃ ព្រះរាជាណាចក្រកម្ពុជាក្នុងតំបន់ខុសៗគ្នា ។


របាំប្រជាប្រិយ

មិនខុសអ្វីពីល្បែងប្រជាប្រិយចោលឈូង លាក់កន្សែង បោះអង្គុញ​ និងស្តេចចង់ ឬ ល្បែងឯទៀតដែលខ្មែរនិយមនាំគ្នាលេងកម្សាន្តក្នុងពិធីបុណ្យប្រពៃណីនានា ពិសេសគឺបុណ្យចូលឆ្នាំ ។ របាំប្រជាប្រិយ​ រាំវង់ រាំក្បាច់ គឺជាប្រភេទរបាំដែលមានការនិយម ជាទូទៅនៅក្នុងទូទាំងប្រទេសទោះនៅទីក្រុង ក៏ជាជនបទ នៅតំបន់ភ្នំ ក៏ដូចជា នៅវាលទំនាប ឬក៏តំបន់មាត់សមុទ្រ ។ របាំ​ប្រជាប្រិយខ្មែរ​ជាប្រភេទរបាំដែលងាយចេះ ងាយចាំ ហើយងាយ ក្នុងការរៀបចំសម្តែង ។ អាស្រយហេតុនេះទើបគេសង្កេតឃើញជនជាតិខ្មែរ តាំងពីព្រះរាជា មន្ត្រី រហូតដល់ ប្រជានុរាស្ត្រ ទាំងក្មេង ទាំងចាស់ប្រុសស្រីចេះរាំរបាំនេះគ្រប់ៗគ្នា ។


COPYRIGHT © 2015, TLAITNO ASSOCIATION. ALL RIGHTS RESERVED.